នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន TECHCOOP និងក្រុមហ៊ុន TM CORPORATION (NIC) ក្នុងជំនួបពិភាក្សាការងារអំពីការអភិវឌ្ឍន៍ទំនេីបកម្មកសិកម្ម ការប្រឹក្សាយោបល់អំពីផែនការអាជីវកម្មកសិកម្ម និងកិច្ចសហប្រតិបត្តិការនៃការវិនិយោគទទួលទិញកសិផលសក្កានុពលកម្ពុជា នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។
នាឱកាសនៃជំនួប ឯកឧត្តម គី ច័ន្ទរំដួល បានលើកឡើងពីការកាត់បន្ថយថ្លៃដើមផលិតកម្ម ការជំរុញទីផ្សារនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ការផ្សារភ្ជាប់ទំនាក់ទំនង ការកសាងទំនុកចិត្ត និងភាពជាដៃគូ សំដៅជំរុញកិច្ចសហប្រតិបត្តិកសិ-ពាណិជ្ជកម្ម ជាពិសេសការចូលរួមសហការគាំទ្រជាមួយ បណ្ឌិត្យសភាវិទ្យាសាស្រ្តកម្ពុជា(CASA) ក្នុងគោលបំណងលើកកម្ពស់ការស្រាវជ្រាវ ការអភិវឌ្ឍន៍បច្ចេកវិទ្យាវិស័យកសិកម្ម និងលើកទឹកចិត្តដល់ភាគីក្រុមហ៊ុន វិនិយោគការទទួលទិញកសិផលកម្ពុជា ទៅកាន់ទីផ្សារប្រទេសវៀតណាមផងដែរ។
ជាទីបញ្ចប់ ឯកឧត្តម គី ច័ន្ទរំដួល បានអញ្ជើញគណៈប្រតិភូក្រុមហ៊ុនទាំងពីរ ចូលរួមវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE26) ដែលជាព្រឹត្តិការណ៍កសិកម្មដ៏ធំ ដែលមានគោលបំណងលើកកម្ពស់កសិ-ពាណិជ្ជកម្ម ការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម ទាក់ទាញវិនិយោគិនក្នុងស្រុកនិងក្រៅប្រទេស និងជំរុញការកែច្នៃក្នុងវិស័យកសិ-ស្បៀងអាហារកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ៕