នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបជាមួយក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារស្វែងរកកាលានុវត្តភាពការងារកែច្នៃកសិផល និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម គី ច័ន្ទរំដួល សម្តែងក្តីសោមនស្សរីករាយដែលក្រុមហ៊ុនបានបង្ហាញចំណាប់អារម្មណ៍ក្នុងការលើកកម្ពស់ការកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា នាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងការផលិតត្រីខកំប៉ុង សំដៅប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ជំរុញការកែច្នៃ បង្កើនតម្លៃបន្ថែម និងបង្កើនប្រាក់ចំណូលប្រចាំថ្ងៃសម្រាប់កសិករ។
ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ផ្តល់អនុសាសន៍ដល់ភាគីក្រុមហ៊ុន ក្នុងការចូលរួមការកែច្នៃគ្រាប់ស្វាយចន្ទី ដោយពិចារណាប្រើប្រាស់ឲ្យអស់លទ្ធភាពដោយលក់ផលិតផលស្វាយចន្ទីមួយផ្នែក និងកែច្នៃសំបកទៅជាប្រេង ដើម្បីទទួលបានប្រភពចំណូលមួយផ្នែក ដោយបង្កើតបន្ថែមនូវការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។
ពាក់ព័ន្ធនឹងការងារអភិវឌ្ឍធនធានមនុស្ស ឯកឧត្តម គី ច័ន្ទរំដួល លើកទឹកចិត្តដល់ភាគីក្រុមហ៊ុនក្នុងការចូលរួមសហការជាមួយសាកលវិទ្យាល័យកសិកម្មទាំង៣ និងនាយកដ្ឋានវិស្វកម្មកសិកម្ម ក្នុងការបណ្តុះបណ្តាលនិស្សិតកម្ពុជា និងកសាងសមត្ថភាពមន្រ្តីជំនាញលើការងារគ្រឿងយន្តកសិកម្មនេះ ដោយបង្កើតនូវកន្លែងបម្រើសេវាកម្មជួលជុល ការតម្លើងគ្រឿងយន្តនិងបង្គុំផ្សេងៗ ជាពិសេសជំរុញលើការងារការបង្កើតថ្មីសម្រាប់វិស័យកសិកម្មកម្ពុជា៕