នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានបន្តជួបសំណេះសំណាល និងផ្តល់ជូនស្រូវពូជជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ស្ថិតក្នុងឃុំឈ្នួរមានជ័យ ឃុំព្រះនេត្រព្រះ និងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ដើម្បីរួមចំណែកជួយដល់ការស្តារឡើងវិញសម្រាប់រដូវក្រោយ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តពុកម៉ែបងប្អូនប្រជាកសិករឱ្យចូលជាសមាជិកនៃសហគមន៍កសិកម្មទំនើបដែលមានស្រាប់នៅស្រុកព្រះនេត្រព្រះ ដោយយន្តការនេះនឹងជួយដល់ការសន្សំសំចៃចំណាយថ្លៃដើមផលិតកម្ម។
ឯកឧត្តមរដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលស្រុកព្រះនេត្រព្រះ ព្រមទាំងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងសកម្ម ក្នុងការសម្របសម្រួលជួយសង្គ្រោះ និងការបែងចែកអំណោយសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋបានឆាប់រហ័ស៕