នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល បន្តសម្របសម្រួលផ្គូផ្គងរវាងសហគមន៍កសិកម្មចំនួន៧ ជាមួយក្រុមហ៊ុនប្រមូលទិញ ដើម្បីអនុវត្តតាមស្តង់ដាបច្ចេកទេស កាត់បន្ថយថ្លៃដើមផលិត និងផ្សារភ្ជាប់ទីផ្សារ នៅខេត្តត្បូងឃ្មុំ។
ក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តម គី ច័ន្ទរំដួល បានស្វែងយល់ពីខ្សែច្រវាក់ផលិតកម្មដំណាំពោតក្រហម ដំឡូងមី ស្វាយកែវរមៀត និងម្រេច របស់សហគមន៍កសិកម្មចំនួន៧ ជាមួយដៃគូវិស័យឯកជនតាមយន្តការកិច្ចសន្យាផលិតកម្មកសិកម្ម សំដៅប្រមូលផ្តុំផលិតកម្មឲ្យមានលក្ខណៈសេដ្ឋកិច្ចមាត្រដ្ឋាន និងត្រូវតាមតម្រូវការទីផ្សារទាំងគុណភាព និងបរិមាណ។
ក្នុងឱកាសនេះដែរ ឯកឧត្តម គី ច័ន្ទរំដួល បានផ្ដល់អនុសាសន៍តម្រង់ទិសបន្ថែមដល់សហគមន៍កសិកម្ម ក្នុងការជំរុញការផ្សព្វផ្សាយអនុវត្តការដាំដុះតាមស្តង់ដាបច្ចេកទេសកសិកម្មដែលមានភាពធន់នឹងអាកាសធាតុ និងចូលរួមអនុវត្តយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកប្រមូលទិញ កាត់បន្ថយថ្លៃដើមផលិតកម្ម និងមានប្រសិទ្ធភាពសេដ្ឋកិច្ច៕