នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើបដំណាំស្រូវចំនួន៣ នៅស្រុកមោងឫស្សី ស្រុកបាណន់ និងស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមានការចូលរួមពីលោក ឈឺម វជិរា ប្រធានមន្ទីរកសិកម្មខេត្ត មន្ត្រីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម អភិបាលរងស្រុកទាំងបី អាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្មឃុំ និងប្រជាកសិករប្រមាណជិត ៤០០នាក់។ នាឱកាសនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានសម្ដែងការអបអរសាទរ និងក្ដីរីករាយយ៉ាងខ្លាំងជាមួយបងប្អូនប្រជាកសិកររដែលបានមើលឃើញពីអត្ថប្រយោជន៍ និងរួមគ្នាចងក្រងជាសហគមកសិកម្មទំនើបសម្រាប់ដំណាំស្រូវនាពេលនេះ ដើម្បីទទួលបានការធានាថ្លៃទីផ្សារទុកជាមុន កាត់បន្ថយចំណាយថ្លៃដើមផលិត និងមានលទ្ធភាពទទួលបានការគាំទ្រខាងផ្នែកដើមទុន។ ឯកឧត្តមក៏បានបង្ហាញពីមោទនភាពចំពោះខេត្តបាត់ដំបង ដែលអាចបង្កើតបានសហគមន៍កសិកម្មទំនើបរហូតដល់ទៅ៤ក្នុងរយៈពេលដ៏ខ្លី ធ្វើឱ្យខេត្តនេះមានសហគមន៍កសិកម្មទំនើបដំណាំស្រូវច្រើនជាងគេនៅកម្ពុជានាពេលបច្ចុប្បន្ន។ ជាចុងក្រោយឯកឧត្តមអនុរដ្ឋលេខាធិការសង្ឃឹមយ៉ាងមុតមាំថា ភាពជោគជ័យនៃសហគមន៍កសិកម្មទំនើបដែលទើបបានបង្កើតឡើងក្នុងរដូវកាលនេះ នឹងជំរុញឱ្យមានការបង្កើតសហគមន៍ថ្មីៗជាបន្តបន្ទាប់ទៀតនៅក្នុងក្របខណ្ឌទូទាំងប្រទេសនាពេលខាងមុខ៕