នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានចុះជួបសំណេះសំណាលជាមួយមន្ត្រីជលផល ដោយមានការចូលរួមដោយលោក ស៊ឹម ថាវីរ: ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម លោក ភួង ទីណា ប្រធាននាយកដ្ឋានអធិការកិច្ចជលផលនៃអគ្គនាយកដ្ឋានជលផល។
បន្ទាប់មកឯកឧត្តមក៏បានដឹកនាំក្រុមការងារជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយនាយកដ្ឋានអធិការកិច្ចជលផលនៃអគ្គនាយកដ្ឋានជលផល និងអាជ្ញាធរស្រុកព្រៃឈរ ក្រោមការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលបានចំនួន ១ករណី ដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់រួមមាន៖ ឧបករណ៍លូស្បៃមុងចំនួន ៧មាត់ របាំងស្បៃមុងប្រវែង ២២០ម៉ែត្រ បង្គោលចំនួន ១១០ដើម ព្រមទាំងចាក់លែងត្រីចម្រុះទម្ងន់ ១៥គីឡូក្រាម នៅចំណុចស្ទឹងជ្រៅ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ទន្ទឹមនឹងនេះ ឯកឧត្តម ប៉ែន ផល្លីកា ក៏បានផ្ដល់អនុសាសន៍ជូនក្រុមការងារបន្តប្រឹងប្រែងបង្រ្កាបបទល្មើសនេសាទ និងការពារកន្លែងអភិរក្សជលផលចែកវេនចេញល្បាត។ ជាចុងបញ្ចប់ ឯកឧត្តមបាន កោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមការងារទទួលបន្ទុកការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដើម្បីអភិវឌ្ឍធនធានជលផល ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា៕