នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម បានដឹកនាំកិច្ចប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍វឌ្ឍនភាពការងារនៃការអនុវត្តយុទ្ធសាស្ត្រ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីអនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គលេខាធិការរង តំណាងអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ តំណាងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ តំណាងអគ្គនាយកដ្ឋានជលផល តំណាងអគ្គនាយកដ្ឋានព្រៃឈើ និងសត្វព្រៃ តំណាងនាយកដ្ឋានផែនការនិងស្ថិតិ ក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងបំពេញតារាងពាក់ព័ន្ធនឹង សកម្មភាព វឌ្ឍនភាព និងសមិទ្ធផលសម្រេចបាន ក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ទិសដៅបន្ត និងបញ្ហាប្រឈម។ ជាលទ្ធផលអង្គភាពជំនាញនីមួយៗពាក់ព័ន្ធនឹងការងារនេះ ត្រូវបំពេញតាមតារាង រួចផ្ញើមកវិញឱ្យបានទាន់ពេលវេលា៕