នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-ឥណ្ឌាស្តីពីកសិកម្មនិងព្រៃឈើលើកទី៩ (9th AIMMAF) ដែលបានប្រព្រឹត្តទៅនៅទីក្រុងញូវដេលី សាធារណរដ្ឋឥណ្ឌា។
នៅក្នុងឱកាសនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលឥណ្ឌា សម្រាប់ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ព្រមទាំងសម្តែងការអំណរគុណចំពោះក្រុមការងារអាស៊ាន-ឥណ្ឌាស្តីពីកសិកម្មនិងព្រៃឈើ (AIWGAF) និងលេខាធិការដ្ឋានអាស៊ាន សម្រាប់របាយការណ៍គ្រប់ជ្រុងជ្រោយ ស្តីពីការអនុវត្តផែនការសកម្មភាពរយៈពេលមធ្យមអាស៊ាន-ឥណ្ឌា សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនិងព្រៃឈើ ២០២១-២០២៥។
ឆ្លើយតបនឹងវិបត្តិអាកាសធាតុ និងភូមិសាស្ត្រនយោបាយ កម្ពុជាបានស្នើឱ្យមានសកម្មភាពរួមគ្នាលើ៣ចំណុច ទី១.ការពារលំហូរស្បៀងនិងធាតុចូលកសិកម្ម ទី២.កៀរគរការវិនិយោគនិងជំនួយបច្ចេកទេសកសិកម្ម-ព្រៃឈើប្រកបដោយនិរន្តរភាព និងទី៣.ពង្រឹងសាមគ្គីភាពតាមរយៈហិរញ្ញប្បទានហានិភ័យ និងថាមពលកសិកម្ម។
ជាមួយគ្នានេះ កម្ពុជាស្វាគមន៍ចំពោះផែនការសកម្មភាពរយៈពេលមធ្យមអាស៊ាន-ឥណ្ឌា ២០២៦-២០៣០ ដែលជាក្របខ័ណ្ឌជំរុញសន្តិសុខស្បៀង ខ្សែច្រវាក់តម្លៃដែលមានភាពធន់ កសិកម្មឌីជីថលនិងធន់នឹងអាកាសធាតុ ការគ្រប់គ្រងក្រោយពេលប្រមូលផល និងនិរន្តរភាពព្រៃឈើនិងកសិ-រុក្ខកម្ម។ ទន្ទឹមនឹងនេះ កម្ពុជាបានលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែច្រើន រួមទាំងការចែករំលែកការអនុវត្តល្អៗ និងការស្រាវជ្រាវរួមគ្នាលើបច្ចេកវិទ្យាកសិកម្មដែលមានតម្លៃសមរម្យ។
ជាទីបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយលេខាធិការដ្ឋានអាស៊ាន បណ្តារដ្ឋសមាជិកអាស៊ាន និងភាគីឥណ្ឌា ក្នុងការរៀបចំនិងអនុវត្តផែនការសកម្មភាព ២០២៦-២០៣០ ដែលផ្តោតលើលទ្ធផលជាក់ស្តែង។ កិច្ចសហប្រតិបត្តិការនេះរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ពិតប្រាកដ និងយូរអង្វែងដល់កសិករ សន្តិសុខស្បៀង និងភាពធន់នឹងអាកាសធាតុរួមគ្នាក្នុងតំបន់៕