នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «បទដ្ឋានគតិយុត្ត នីតិវិធី និងវិធានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសិក្ខាកាមចូលរួមសរុបប្រមាណ ១៧០នាក់។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងការយល់ដឹងរបស់អាជីវករ និងប្រជាកសិករ អំពីការគ្រប់គ្រង និងការប្រើប្រាស់ជី និងថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងមិនប៉ះពាល់ដល់សុខភាពមនុស្ស និងបរិស្ថាន។ ជំរុញឱ្យមានការលក់ និងប្រើប្រាស់តែផលិតផលដែលមានគុណភាព ស្របច្បាប់ និងបានចុះបញ្ជិកាត្រឹមត្រូវ ព្រមទាំងទប់ស្កាត់ការលក់ និងផ្សព្វផ្សាយផលិតផលខុសច្បាប់តាមបណ្តាញសង្គម។ ជាមួយគ្នានេះ ពង្រឹងកិច្ចសហការរវាងអាជីវករ ប្រជាកសិករ មន្ត្រីជំនាញ និងមន្ត្រីកសិកម្មឃុំ ក្នុងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ដើម្បីធានាគុណភាពផលិតកម្មកសិកម្ម សុវត្ថិភាពអ្នកប្រើប្រាស់។
ក្នុងឱកាសនោះ ឯកឧត្តមបានលើកឡើងអំពីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលគាំទ្រដល់វិស័យកសិកម្ម តាមរយៈការរក្សាលំនឹងថ្លៃកសិផល ការស្វែងរកទីផ្សារ ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។ ឯកឧត្តមក៏បានរំលេចពីទិសដៅ និងគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា គឺ «មានហូប មានប្រើ មានបាន និងមានរហូត» ដែលផ្តោតលើការជំរុញផលិតកម្មកសិកម្ម ការធានាសន្តិសុខស្បៀង ការបង្កើនតម្លៃបន្ថែម និងការធ្វើឱ្យវិស័យកសិកម្មមានភាពរឹងមាំ និងមានចីរភាព។ ក្នុងនោះ ក្រសួងក៏បានខិតខំជំរុញ និងគាំទ្រវិស័យឯកជនឱ្យចូលរួមផលិតជីក្នុងស្រុក ដើម្បីបង្កើនសមត្ថភាពផ្គត់ផ្គង់ និងរួមចំណែកកាត់បន្ថយការពឹងផ្អែកលើការនាំចូល។
ជាចុងក្រោយ ឯកឧត្តម ឡោ រស្មី បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ក្នុងនាមជាដៃគូរបស់ក្រសួង ត្រូវយកចិត្តទុកដាក់ចូលរួមក្នុងវគ្គបណ្តុះបណ្តាលឱ្យបានពេញលេញ និងអនុវត្តចំណេះដឹងដែលទទួលបានទៅក្នុងការប្រកបអាជីវកម្មប្រកបដោយវិជ្ជាជីវៈ សុចរិតភាព និងការទទួលខុសត្រូវ។ សិក្ខាកាមត្រូវខិតខំបំពេញតាមកម្មវិធីបណ្តុះបណ្តាលដែលបានកំណត់ ដើម្បីទទួលបានវិញ្ញាបនបត្រដោយឈរលើគោលការណ៍សមធម៌ តម្លាភាព និងមនសិការវិជ្ជាជីវៈ ដោយអនុលោមស្របតាមមាត្រា៨៥ នៃច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម។
សម្រាប់ការទទួលបានព័ត៌មានបច្ចេកទេសកសិកម្ម ឬការផ្តល់ប្រឹក្សាដល់កសិករ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ អាចទំនាក់ទំនងតាមរយៈលេខ ១២៨៩ ដែលជាសេវាផ្តល់ព័ត៌មានដោយឥតគិតថ្លៃ៕