នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅទីរួមខេត្តក្រចេះ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារបច្ចេកទេសលើកទី៦ របស់គម្រោង «សកម្មភាពសហគមន៍ សម្រាប់និរន្តរភាពព្រៃឈើ (CASFor)» ដោយមានការចូលរួមពី ឯកឧត្តម ស្រី សុទ្ធា អនុរដ្ឋលេខាធិការ លោកស្រី ដួង សារ៉ាម៉ានី តំណាងប្រធានទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៃប្រទេសស្វីស (SDC) ដែលគាំទ្រថវិកាសម្រាប់អនុវត្តគម្រោង CASFor ព្រមទាំងតំណាងស្ថាប័ន និងអង្គការដៃគូអភិវឌ្ឍន៍អនុវត្តគម្រោង រួមមាន៖ អគ្គនាយកដ្ឋានព្រៃឈើ និងសត្វព្រៃ ក្រសួងបរិស្ថាន អង្គការ FAO, UNDP, RECOFTC, WCS។
កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងប្រមូលធាតុចូលពីស្ថាប័ន និងដៃគូពាក់ព័ន្ធ សម្រាប់ត្រៀមរៀបចំផែនការអនុវត្តគម្រោងសម្រាប់ឆ្នាំ២០២៧។ ការពិភាក្សាផ្តោតលើការពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ និងសហគមន៍ ដើម្បីធានាប្រសិទ្ធភាព និងចីរភាពនៃការអនុវត្តសកម្មភាពគម្រោង។
សូមជម្រាបថា គម្រោង CASFor មានគោលដៅរួមចំណែកគាំទ្រ និងពង្រឹងសមត្ថភាពសហគមន៍ព្រៃឈើ និងសហគមន៍តំបន់ការពារ នៅក្នុងខេត្តគោលដៅចំនួន៥ រួមមាន៖ កំពង់ធំ បន្ទាយមានជ័យ ក្រចេះ ព្រះវិហារ និងស្ទឹងត្រែង ឱ្យមានលទ្ធភាពចូលរួមកាន់តែសកម្មក្នុងការគ្រប់គ្រង អភិរក្ស និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព ស្របតាមគោលនយោបាយ និងទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា៕