នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកទទួលបន្ទុកការងារអភិរក្សជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យវឌ្ឍនភាពដំណើរការ នៃការងាររៀបចំ ការធ្វើទំនើបកម្មប៉ុស្ត៍កាំពី ដែលនឹងត្រូវបំពាក់ម៉ាស៊ីន ថតស្វ័យប្រវត្តិ និងប្រើប្រាស់ដ្រូនសម្រាប់ការងារអភិរក្សសត្វផ្សោត ទន្លេមេគង្គ នៅតំបន់កាំពី ដែលទីតាំងរៀបចំ ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
លោកជំទាវ អ៊ឹម រចនា បានគូសបញ្ជាក់ថា ការងារនេះគឺជាយន្តការបន្ថែមរបស់ក្រសួង ក្នុងគោលដៅការពារ អភិរក្ស និងបង្កើនចំនួនសត្វផ្សោតនៅកម្ពុជា ឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។ ក្រសួងដោយមាននាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផលជាសេនាធិការ សហការយ៉ាងជិតស្និទ្ធជាមួយអង្គការ WWF ប្រចាំនៅកម្ពុជា និងវិទ្យាស្ថានវារីសាស្ត្រ (IHB) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន កំពុងអនុវត្តលើការងារនេះ ។
បើតាមការបញ្ជាក់បន្ថែមពីលោកជំទាវ ការប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យពីចម្ងាយនេះ ធ្វើឡើងក្នុងគោលដៅឃ្លាំមើលសកម្មភាព ប្រចាំថ្ងៃរបស់សត្វផ្សោត និងសកម្មភាពនានាតាមដងទន្លេ។ ឆ្មាំទន្លេ និងអ្នកជំនាញ អាចឃ្លាំមើលបម្លាស់ទីនៃសត្វផ្សោត និងការនេសាទខុសច្បាប់ ជាពិសេសជួយកាត់បន្ថយការចេញល្បាតរបស់ឆ្មាំទន្លេ ដោយគ្រាន់តែពិនិត្យវីដេអូផ្សាយផ្ទាល់ពីប្រព័ន្ធត្រួតពិនិត្យពីចម្ងាយ និងដ្រូន ហើយត្រៀមខ្លួនចេញអន្តរាគមន៍ទាន់ពេលវេលា ដែលអាចឱ្យការអនុវត្តការងាររបស់ឆ្មាំទន្លេ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕